លោកស្រី នួន ស្រីពៅ ស្នើសុំចៅក្រមស៉ើបសួរលោក ធាម ច័ន្ទពិសិដ្ឋ បញ្ជូនរឿងលោកស្រី ទៅជំរះឆាប់ៗ

ខ្មែរញូញូ ៖ អស់រយៈពេល ១ឆ្នាំ ៣ខែ មកហើយ រឿងអយុត្តិធម៌របស់លោកស្រី នួន ស្រីពៅ មិនទាន់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសាវនាការជំនុំជំរះនៅឡើយ គឺបណ្តោយឲ្យជនបង្កនៅក្រៅសំណាញ់ច្បាប់។

ជុំវិញភាពអយុត្តិធម៌ដែលសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បើកសាវនាការជំនុំជំរះនៅឡើយនេះ លោកស្រី នួន ស្រីពៅ ដែលជាជនរងគ្រោះ បន្តស្នើសុំឲ្យលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ បញ្ជូនសំណុំរឿងអយុត្តិធម៌របស់លោកស្រី ទៅចៅក្រមជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ បើកសាវនាការជំនុំជំរះ ឆាប់ៗ ដើម្បីឲ្យលោកស្រី ទទួលបាននូវយុត្តិធម៌ផង ។

បើតាមព័ត៌មានក្រៅផ្លូវការពីមន្ត្រី ដែលបម្រើការ នៅសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបប្រាប់ ខ្មែរញូញូ ថា ថ្មីៗនេះ តំណាងអយ្យការ បានបញ្ជូនសំណុំរឿងរបស់លោកស្រី នួន ស្រីពៅ ទៅចៅក្រមស៊ើបសួរលោក ធាម ច័ន្ទពិសិដ្ឋ វិញហើយ បន្ទាប់ពីដីកាបញ្ជូនសំណុំរឿងរបស់លោក ធាម ច័ន្ទពិសិដ្ឋ លេខ ១៩៦ “ស” ព្រ.ទ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ជនត្រូវចោទឈ្មោះ ជា សាវុធ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបុគ្គលិកលក់ការ៉ូ រស់នៅផ្ទះលេខ៥ ផ្លូវលេខ៣១៣ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវដាក់ស្ថិតក្រោមការត្រួតពិនិត្យពីបទ “គំរាមកំហែងថានឹងសម្លាប់ និងជេរប្រមាថជាសាធារណៈ តាមបញ្ញត្តិមាត្រា ២៣៣ និងមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅមុខផ្ទះលេខ៥ ផ្លូវលេខ៣១៣ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ។ ក្នុងនោះលោកចៅក្រមស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ សម្រេចបញ្ជូនសំណុំរឿងនេះទៅកាន់តំណាងអយ្យការ ដើម្បីសន្និដ្ឋាន ឬផ្តល់យោបល់ទៅតាមនីតិវិធី ។

បើតាមនីតិវិធីរបស់តុលាការ ពេលនេះសំណុំរឿងរបស់លោកស្រី នួន ស្រីពៅ រង់ចាំតែលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅបើកសាវនាការជំនុំជំរះតែប៉ុណ្ណោះ ។

បើតាមលោកស្រី នួន ស្រីពៅ បានបញ្ជាក់ ខ្មែរញូញូ ថា ចាប់តាំងពីថ្ងៃកើតហេតុមកដល់បច្ចុប្បន្ន ទាំងលោកស្រី និងក្រុមគ្រួសាររបស់លោកស្រី គឺរស់នៅក្នុងស្ថានភាពភ័យខ្លាច ព្រោះផ្ទះរបស់លោកស្រី និងផ្ទះរបស់ជនបង្ក ( ជា សាវុធ ) នៅជិតគ្នា ហើយអ្វីដែលកាន់តែភ័យខ្លាចទៀតនោះគឺក្រុមលោក ជា សាវុធ នាំគ្នាផឹកស៊ីស្ទើររាល់យប់ ជាហេតុបង្កភាពខ្លាចភ័យខ្លាចកាន់ខ្លាំងដល់ក្រុមគ្រួសារលោកស្រី ។

តើមានដើមហេតុអ្វីដែលធ្វើឲ្យលោក ជា សាវុធ អាចនៅក្រៅសំណាញ់ច្បាប់ ជាងមួយឆ្នាំ និងអាចបន្តការផឹកស៊ី ដោយមិនញញើតអ្នកជិតខាង និងគ្រួសារលោកស្រី នួន ស្រីពៅ នោះ ?

ទី១. បើតាមតំរ៉ុយបានឲ្យដឹងថា លោក ជា សាវុធ ដែលជាជនត្រូវចោទពីបទ គំរាមកំហែងថានឹងសម្លាប់ និងជេរប្រមាថជាសាធារណៈ ប្រព្រឹត្តទៅលើលោកស្រី នួន ស្រីពៅ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅនោះ មានសាច់ញាតិបម្រើការងារនៅសាលាដំបូងរាជធានីភ្នំពេញ ។

ទី២. នីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ យូរពេក ជាងមួយឆ្នាំហើយ មិនទាន់បើកសាវនាការ ធ្វើឲ្យជនបង្កបានចិត្ត និងគិតថារួចខ្លួន។

ទី៣. ចៅក្រមស៊ើបសួរលោក ធាម ច័ន្ទពិសិដ្ឋ លើកបទឃុំខ្លួនលោក ជា សាវុធ ឲ្យត្រឡប់មកផ្ទះវិញ បន្ទាប់ពីសាកសួររួច បើទោះបីជាលោក ជា សាវុធ ធ្លាប់បានសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថា ខ្លួន សុខចិត្តទទួលការសុំទោស និងផ្តល់សំណងទៅលើការខាតបង់ផ្លូវចិត្ត ចំនួន ៥០០ដុល្លារ ដោយបានប្រើពាក្យគំរាមយកកាំភ្លើង ប៉ះពាល់ទៅលើលោកស្រី នួន ស្រីពៅ (ដោយមានកំណត់ហេតុត្រឹមត្រូវ) នោះក៏ដោយ។

គ្រាន់តែយោងទៅលើចំណុចទី៣ ខាងលើនេះ គឺ បញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ ជា សាវុធ ពិតជាបានប្រព្រឹត្តមែន ព្រោះឈ្មោះ ជា សាវុធ បានសារភាព ដោយសុខចិត្តសុំទោស និងសងសំណងទៀត ។ ចុះហេតុអីបានជាបណ្តែតបណ្តោយរឿងឲ្យវែងអន្លាយបែបនេះ? ហេតុអី បានជាតុលាការ មិនយកចម្លើយរបស់លោក ជា សាវុធ ដែលបានសារភាព និងទទួលសងជំងឺចិត្ត លោកស្រី នួន ស្រីពៅ ? ឬមិនឲ្យតម្លៃការងាររបស់សមត្ថកិច្ចថ្នាក់ក្រោម? មហាជន បន្តទៀតថា គ្រាន់តែមើលចម្លើយសារភាពរបស់លោក ជា សាវុធ គឺបញ្ជាក់ច្បាស់ណាស់ថា លោក ជា សាវុធ គឺជាអ្នកខុស ឬក៏តុលាការចង់ច្នៃពីខុសឲ្យទៅជាត្រូវ ពីខ្មៅ ឲ្យទៅជា ស វិញ ?

មហាជន នឹងរង់ចាំមើលលទ្ធផលជាបន្តទៀត ជុំវិញរឿងអយុត្តិធម៌មួយនេះ ។

សូមរំលឹកថា រឿងអយុត្តិធម៌របស់លោកស្រី គឺបានកើតឡើងជាង ១ឆ្នាំទៅហើយ ប៉ុន្តែមិនទាន់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសាវនាការជំនុំជំរះនៅឡើយទេ ។

ភាពអយុត្តិធម៌របស់លោកស្រី នួន ស្រីពៅ គឺករណីគំរាមកំហែងបាញ់សម្លាប់ និងជេរប្រមាថជាសាធារណៈ ដែលប្រព្រឹត្តដោយឈ្មោះ ជា សាវុធ នៅមុខផ្ទះលេខ៥ ផ្លូវ៣៣១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ។

បើតាមលោកស្រី នួន ស្រីពៅ អាយុ ៤១ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ៣១៣ ភូមគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជនរងគ្រោះ បានរៀបរាប់ពីដំណើររឿងយ៉ាងដូច្នោះថា ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ម៉ោងប្រហែលជា ៩ និង ៣០នាទីយប់ ឈ្មោះ ជា សាវុធ បាននាំគ្នាផឹកស៊ីច្រៀងខារ៉ាអូខេ ក្នុងសំលេងធុងបាសខ្លាំងៗ ស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៣៣១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យចៅតូចរបស់លោកស្រី ដែលមានផ្ទះនៅជាប់គ្នានោះ ស្រែកយំយ៉ាងខ្លាំង ធ្វើឲ្យលោកស្រី នួន ស្រីពៅ ទ្រាំមិនបានក៏ដើរប្រាប់ក្រុមអ្នកផឹកស៊ីទាំងនោះ ឲ្យបន្ថយសំលេងធុងបាសបន្តិច ភ្លាមៗនោះស្រាប់តែ ឈ្មោះ ជា សាវុធ គ្រាន់តែចាក់ធុងបាសប៉ុណ្ណឹង ចាំឲ្យបិទ លឺដូចនេះ លោកស្រី នួន ស្រីពៅ ក៏បានទៅសួរនាំឈ្មោះ ជា សាវុធ ក៏ត្រូវឈ្មោះ ជា សាវុធ ជេរថា “ មីថោក ង៉ែងថោកជាអាចម៌” រួចឈ្មោះ ជា សាវុធ ក៏បានស្រែកប្រាប់ប្រពន្ធឲ្យទៅយកកាំភ្លើងម៉ាក ៥៤ មកបាញ់លោកស្រី នួន ស្រីពៅ ចោល ដោយនិយាយដដែលៗជាច្រើនដង ហើយក៏ត្រូវអ្នកជិតខាងទីនោះ បំបែកឲ្យចូលផ្ទះរៀងៗខ្លួន ។

លោក នួន ស្រីពៅ បន្តថា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានកោះហៅលោកស្រី និងឈ្មោះ ជា សាវុធ ទៅសម្របសម្រួល ជាលទ្ធផលឈ្មោះ ជា សាវុធ សុខចិត្តទទួលការសុំទោស និងផ្តល់សំណងទៅលើការខាតបង់ផ្លូវចិត្ត ចំនួន ៥០០ដុល្លារ ដោយបានប្រើពាក្យគំរាមយកកាំភ្លើង ប៉ះពាល់ទៅលើលោកស្រី នួន ស្រីពៅ នោះ ។ ប៉ុន្តែលោក នួន ស្រីពៅ មិនយល់ព្រម ក៏បន្តប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញទៀត។

បើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៉ើបសួរ លេខ ៣២៥៤ អ.យ.ឋ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរលើអង្គហេតុ និងស្នើសុំ “ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ” ឈ្មោះ ជា សាវុធ ភេទប្រុស អាយុ ៣៩ឆ្នាំ ពីបទ ៖ គំរាមកំហែងថានឹងសម្លាប់ និងជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនៅមុខផ្ទះលេខ៥ ផ្លូវលេខ៣៣១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ២៣៣ និងបញ្ញត្តិមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ដោយ ដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះ ជា សាវុធ ភេទប្រុស អាយុ ៣៩ឆ្នាំ” ។

ក្រោយមកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២រសៀល លោកស្រី នួន ស្រីពៅ បានទៅជួបចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺដំណើររឿង តាមដីកាកោះ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ ធាន ច័ន្ទពិសិដ្ឋ តាំងពីនោះមក រឿងនេះ ក៏ស្ងាត់រហូតតែម្តង ។

ជាថ្មីម្តងទៀត លោកស្រី នួន ស្រីពៅ អំពាវនាវសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ជូនគ្រួសារគាត់ ព្រោះរាល់ថ្ងៃនេះ លោកស្រី និងក្រុមគ្រួសារ កើតក្តីព្រួយបារម្ភគ្រប់ពេល ដោយខ្លាចឈ្មោះ ជា សាវុធ បាញ់សម្លាប់ ដូចការគំរាមកំហែងមែន ។

អត្ថបទ ៖ ស្រីពេជ

LEAVE A REPLY

Please enter your comment!
Please enter your name here