ពលរដ្ឋរិះគន់អ្នកគ្រប់គ្រងឧទ្យានសួនសត្វភ្នំតាម៉ៅ និងអភិបាលខេត្តតាកែវ ជុំវិញរឿង…

ខ្មែរញូញូ ៖ ពលរដ្ឋមួយចំនួន បានសំដែងការរិះគនមចំៗ ទៅលើអ្នកគ្រប់គ្រងឧទ្យានសួនសត្វភ្នំតាម៉ៅ និងលោកអភិបាលខេត្តតាកែវ ថា មិនបានថែរក្សា និងអភិរក្សឧទ្យានសួនសត្វភ្នំតាម៉ៅ ក្នុងទឹកដីខេត្តតាកែវ។ នេះបើយោងតាមប្រិយមិត្ត ដែលទូរស័ព្ទចូលរួមក្នុងវិទ្យុឯកជនមួយក្នុងស្រុក ការខមិនតាមហ្វេសប៊ុក និងការលើកឡើងរបស់អ្នកអធិប្បាយក្នុងវិទ្យុនោះ នៅព្រឹកមិញនេះ។

ចំពោះចំណុចដែលពលរដ្ឋរិះគន់ រួមមាន ៖ ការបាត់បង់ជាបណ្តើរៗ នៃសត្វព្រៃចិញ្ចឹមទុកជូនភ្ញៀវជាតិ-អន្តរជាតិទស្សនានៅឧទ្យានសួនសត្វភ្នំតាម៉ៅ ដោយសារឈឺងាប់ អត់ចំណីងាប់ រត់បាត់ និងគ្មានការអភិរក្សឲ្យមានភាពល្អប្រសើរឡើង សម្រាប់ទាក់ទាញភ្ញៀវ ឲ្យមកទស្សនាបានច្រើន គឺកាន់តែឱនថយទៅៗ ធ្វើឲ្យភ្ញៀវ កាន់តែថយចុះទៅវិញ ។

ពលរដ្ឋក៏បានលើកផងដែរ រឿងអាជ្ញាធរបណ្តោយឲ្យប្រជាពលរដ្ឋ អង្គុយឈរបន្តគ្នាដូចខ្សែ សំពះសុំទានតាមផ្លូវចូលឧទ្យានសួនសត្វភ្នំតាម៉ៅ ថា មិនល្អ អាប់ឱនដល់ខ្មែរ និងធ្វើភ្ញៀវមិនសូវចូលចិត្ត រហូតឈប់ទៅលេងតែម្តង ។

ជុំវិញករណីខាងលើនេះ ពលរដ្ឋស្នើឲ្យលោកអភិបាលខេត្តតាកែវ និងអ្នកគ្រប់គ្រងឧទ្យានសួនសត្វភ្នំតាម៉ៅ បង្កើនការយកចិត្តទុកដាក់ថែរក្សាសត្វព្រៃ ដែលបានគង់វង្ស និងអភិរក្សសត្វព្រៃ ក៏ដូចជា ទីធ្លាឧទ្យានសួនសត្វនេះឲ្យបានល្អប្រសើរជាងនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា និងត្រូវថែរក្សាតំបន់នេះ ឲ្យបានគង់វង្ស ព្រោះវាជាតំបន់ប្រវត្តិសាស្ត្ររបស់ខ្មែរយើង តាំងពីយូរលង់ណាស់មកហើយ មិនត្រូវឲ្យបាត់បង់ទៅវិញឡើយ។

អត្ថបទ ៖ ស្រីពេជ

LEAVE A REPLY

Please enter your comment!
Please enter your name here