លោក ជុង សុជាតិ នាំថវិកាប្រចាំខែឯឧ. ស សុខា និងលោកជំទាវ ជូនក្មេងកំព្រានៅស្រុកស្វាយអន្ទរ

ខ្មែរញូញូ ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នេះ លោក ជុង សុជាតិ អនុប្រធានក្រុមការងារ ស.ស. យ.ក. ចុះជួយស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងក្រុមការងារ ព្រមទាំង ស.ស.យ.ក. ស្រុក បាននាំយកថវិកាប្រចាំខែ ១០០ដុល្លារ ក្នុង ១ខែ របស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនក្មេងស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូន នៅភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមលោក ជុង សុជាតិ បញ្ជាក់ថា សម្រាប់ខែឧសភា នេះ គឺជាខែទី១៨ ហើយ ដែលក្មួយស្រីទាំងពីរនាក់បងប្អូន ទទួលបានថវិកាប្រចាំខែ ១០០ដុល្លារ ក្នុង ១ខែ ពីឯកឧត្តម ស សុខា និងលោកជំទាវ តាមរយៈក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ សម្រាប់ចំណាយក្នុងការផ្គត់ផ្គង់ជីវភាព និងការសិក្សាប្រចាំថ្ងៃ។

បើយោងតាមការសន្យា ឯកឧត្តម ស សុខា និងលោកជំទាវ នឹងបន្តឧបត្ថម្ភថវិកាប្រចាំខែនេះ ដល់ក្មួយស្រីទាំងពីរ រហូតរៀនចប់ថ្នាក់ទី១២ ។

ទាំងទឹកចិត្តសប្បាយរីករាយ ក្មេងស្រីកំព្រាទាំងពីរ នាក់បងប្អូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តឯកឧត្តម ស សុខា និងលោកជំទាវ ដែលបានជួយផ្គត់ផ្គង់ទាំងផ្ទះ ជីវភាព និងការសិក្សា រហូតមក ។

ជាទីបញ្ចប់ក្មួយស្រីទាំងពីរ ក៏បានលើកដៃបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយលើលោក ទេវតាឆ្នាំថ្មី សូមជួយថែរក្សាក្រុមគ្រួសារឯកឧត្តម និងលោកជំទាវ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទ ៖ ស្រីពេជ

LEAVE A REPLY

Please enter your comment!
Please enter your name here