ឥណ្ឌូនេស៊ី ផ្តល់អាហារូបករណ៍ ៤៥កន្លែងដល់ខ្មែរ តាមរយៈក្រុមការងារអាហារូបករណ៍ ស សុខា

ខ្មែរញូញូ ៖ មូលនិធិ Selamat Pagi Indonesia នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានសម្រេចផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង ដល់សិស្ស និស្សិតកម្ពុជា តាមរយៈក្រុមការងារអាហារូបករណ៍ ស សុខា ។

ការផ្តល់ជូនអាហារូបករណ៍ ៤៥កន្លែង របស់ភាគីឥណ្ឌូនេស៊ី ខាងលើនេះ ធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រុមការងារអាហារូបករណ៍ ស សុខា និង មូលនិធិ Selamat Pagi Indonesia នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមអធិបតីភាពលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ក្នុងគោលបំណងដើម្បីផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេសុី ។

លោក ស សុខា ស្ថាបនិកអាហារូបករណ៍ ស សុខា បានថ្លែងថា ការទទួលបានអាហារូបករណ៍ ៤៥កន្លែង ពីភាគីឥណ្ឌូនេស៊ី នាពេលនេះ គឺជាការចូលរួមចំណែកផ្តល់ឱកាសឲ្យយុវជនខ្មែរ បានទៅបន្តការសិក្សាទៅក្រៅប្រទេស ហើយក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

លោក ស សុខា បានចាត់ទុកថា ការជួយសម្របសម្រួលអាហារូបករណ៍ ៤៥កន្លែង ពីសំណាក់ភាគីឥណ្ឌូនេស៊ីនេះ គឺជាការជួយរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា មានន័យថា មានតែការជួយគ្នាទៅវិញទៅមកពិតប្រាកដទេ ទើបជាមិត្តដែលពិតប្រាកដ ។

ភាគីខាងឥណ្ឌូនេស៊ីដែលមានលោក ថមមី ហែម័រ វ៉ាន់ឡូ ប្រធានរមណីយដ្ឋានកំពង់ទេវ បានថ្លែងថា លោករីករាយដោយស្មោះក្នុងផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជា តាមរយៈលោក ស សុខា នាពេលនេះ ។ លោកបន្តថា ដោយមើលឃើញប្រជាពលរដ្ឋខ្មែរគួរអោយស្រលាញ់ គួរអោយគោរព គួរអោយរាប់អាននិងអាចធ្វើជាមិត្តនៅក្នុងតំបន់អាស៊ានដូចគ្នា។

លោកបន្តទៀតថា ចំពោះការចំណាយផ្សេងៗ របស់និសិ្សតទាំង ៤៥នាក់នេះ គឺខាងលោកជាអ្នករ៉ាប់រងទាំងអស់ ក្នុងនោះទាំងការស្នាក់នៅ ការហូបចុង ថ្លៃសាលា ធានារ៉ាប់រង និងសំបុត្រយន្តហោះទៅមក ដោយខាងនិស្សិតកម្ពុជាយើង ពុំមានចំណាយអ្វីនោះឡើយ។

ពាក់ពន្ធ័ទៅនឹងជំនាញសិក្សាវិញ លោកបានបញ្ជាក់ថា គឺផ្ដោតសំខាន់ទៅលើជំនាញគ្រប់គ្រង ទំនាក់ទំនងពាណិជ្ជកម្ម និងជំនាញផ្សេងៗមួយចំនួនទៀត។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាខាងលើនេះ គឺចុះហត្ថលេខាដោយលោក អាំង សិរីពិសិដ្ឋ ប្រធានប្រតិបត្តិក្រុមការងារអាហារូបករណ៍ ស សុខា និងលោក ថមមី ហែម័រ វ៉ាន់ឡូ ប្រធានរមណីដ្ឋានកំពង់ទេវ ។

គួររំលឹកថា អាហារូបករណ៍ ស សុខា បានបញ្ជូនសិស្ស និសិ្សតកម្ពុជា ទៅបន្តការសិក្សានៅបរទេស មានចំនួន ៣ប្រទេស រួមមាន ៖ ប្រទេសចិន វៀតណាម និងប្រទេសឥណ្ឌូនេសុី ។

អត្ថបទ ៖ សៅ ផានី

LEAVE A REPLY

Please enter your comment!
Please enter your name here