TOP NEWS ៖ ការដាក់ជីវិតដើម្បីចូលស្រុកវិញរបស់លោក សម រង្ស៊ី គឺជាការបោកប្រាស់សុទ្ធ!

ខ្មែរញូញូ ៖ ថ្មីនេះៗ ទណ្ឌិត សម រង្ស៊ី បានប្រកាស់ដាក់ជីវិតរបស់គាត់ ដើម្បីចូលស្រុកក្រោយពីក្រុមចលនឧទ្ទាមមួយក្រុមបានប្រកាសរៀបចំផែនការអំពីការចូលស្រុករបស់ទណ្ឌិតរូបនេះ គឺជាអ្វីដែលត្រូវបានមហាជនទូទៅមើលឃើញថា ជាអំពើបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនសុទ្ធសាធ ទាំងនៅក្នុងនិងក្រៅប្រទេស ខណៈពេលដែលតុលាការកម្ពុជាបានចេញដីកាចាប់ខ្លួន។ ការប្រកាសដដែលៗរបស់ទណ្ឌិត សម រង្ស៊ី ជាច្រើនលើកត្រូវបានមហាជនទូទៅចោទសួថា តើទណ្ឌិតរូបនេះប្រាកដជាបានសម្រេចចិត្តវិលចូលស្រុកវិញច្បាស់ឬទេនៅពេលដែលរូបគាត់ត្រូវប្រឈមមុខនឹងការចាប់ខ្លួនតាមសាលដីកាតុលាការនោះ?

នេះជាអំពើបោកប្រាស់សុទ្ធសាធរបស់ទណ្ឌិតសម រង្ស៊ី។ តាមបទសោធន៍ក្នុងអតីតកាល ទណ្ឌិត សម រង្ស៊ី គឺជាអ្នកនយោបាយគ្មានការទទួលខុសត្រូវនៅគ្រប់សមរភូមិ ហើយតែងតែទទួលបរាជ័យគ្រប់លើក បោះបង់កូនចៅ និងអ្នកគាំទ្រចោលឱ្យនៅជាប់គុកដោយសារទង្វើខុសច្បាប់ដែលបានប្រព្រឹត្តដោយជឿនិងដើរតាមទណ្ឌិតរូបនេះ ព្រោះទណ្ឌិតនេះតែងតែរត់ចោលស្រុក ចោលកូនចៅ មិនដែលបាននៅតតាំងតាមផ្លូវច្បាប់ដើម្បីការពារខ្លួនឡើយ។ ម្តងនេះទៀត តាមទិដ្ឋភាពច្បាប់ វាប្រាកដខ្លាំងណាស់ថា ទណ្ឌិតរូបនេះនឹងមិនវិលចូលស្រុកវិញតាមការសន្យាឡើយ។ វាលើកលែងតែមានការលើកលែងទោសពីព្រះមហាក្សត្រប៉ុណ្ណោះ បើពុំនោះទេ គាត់មិនហ៊ានចូលស្រុកឡើយ។ តើនរណាអាចស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសឱ្យបុគ្គលរូបនេះម្តងទៀត ខណៈដែលបុគ្គលនេះតែងតែប្រព្រឹត្តកំហុសដដែលៗ ញុះញង់ និងបំផុសកំហឹងមហាជន បង្កើតចលាចលក្នុងប្រទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រៅផ្លូវប្រជាធិបតេយ្យនោះ។

លើសមរភូមិការទូត ទណ្ឌិត សម រង្ស៊ី បានប្រកាសជោគជ័យ តើអ្វីទៅជាជោគជ័យរបស់ទណ្ឌិតនេះ? ជាការពិត ជោគជ័យរបស់បុគ្គលនេះ គឺប្រើប្រាស់ការទូតទុច្ចរិតបបួលសហគមន៍អឺរ៉ុប និងអាមេរិកព្រួតដៃគ្នា វាយកម្ទេចឆ្នាំងបាយរបស់កម្មកររាប់សែននាក់នៅក្នុងប្រទេស ហើយបែរនាំគ្នាប្រកាសថា ជោគជ័យសើចសប្បាយដ៏គួរឱ្យអាម៉ាស់លើគំនរទុក្ខ និងទឹកភ្នែករបស់បងប្អូនកម្មកររាប់សែននាក់ ដែលមានជីវភាពរស់នៅ ពឹងអាស្រ័យការងារកាត់ដេរសព្វថ្ងៃនេះ។ តើនេះឬជាជោគជ័យរបស់ទណ្ឌិត សម រង្ស៊ី លើគំនរទុក្ខនិងទឹកភ្នែករបស់បងប្អូនកម្មរនោះ? ទណ្ឌិតសម រង្ស៊ី គឺជាអ្នកនយោបាយអាត្មានិយម គ្មានការទទួលខុសត្រូវលើជោគវាសនានៃប្រទេសជាតិ មិនខ្វល់ពីសេចក្តីសុខរបស់ប្រជាជន មិនខ្វល់ពីប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ឬអសន្តិសុខ ហើយក៏មិនខ្ចីខ្វល់នឹងជីវភាពរស់នៅរបស់បងប្អូនកម្មកររាប់សែននាក់ ហើយបែរជាក្បត់ជាតិដោយធ្វើជាអ្នកបំរើ ក្នុងការទូតទុច្ចរិត ដើម្បីផលប្រយោជន៍ក្នុងភូមិសាស្រ្តនយោបាយរបស់អាមេរិក ដែលជាមេក្លោងក្នុងយុទ្ធសាស្រ្តឥណ្ឌូ ប៉ាស៊ីហ្វិក ក្នុងគោលដៅទប់ទល់នឹងប្រទេសចិន។ ត្រង់ចំណុចនេះ វាច្បាស់ណាស់ថា អាមេរិកកំពុងវាយប្រហារយ៉ាងខ្លាំងមកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តាមផែនទីបង្ហាញផ្លូវនៃយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកដែលខ្លួនបានរៀបចំ ដោយគ្រាន់តែលើកឡើងជាលេសអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

ការដែលទណ្ឌិតនេះប្រកាសជាចំហរថា ខ្លួនបានសម្រេចដាក់ជីវិតជាដើមទុន ដើម្បីវិលត្រឡប់ចូលស្រុកវិញ វាជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់ ព្រោះគាត់មិនដែលបានធ្វើអ្វីជាដុំកំភួនឱ្យមានការកក់ក្តៅចំពោះអ្នកគាំទ្ររបស់គាត់ឡើយ។ ផ្ទុយទៅវិញ បុគ្គលរូបនេះបានយកអណ្តាតដ៏ស្ទាត់ជំនាញបង្កើតឱ្យមានសាច់រឿងប្លែកៗឱ្យអ្នកគាំទ្ររបស់ខ្លួនមានអារម្មណ៍ពុះកញ្រ្ជោលក្នុងកំហឹង ការឆ្កឹះឆ្គាល ការញុះញង់ ការបំផុសបំផុលឱ្យមានការងើបប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់របស់លោក ហ៊ុន សែន។ ម្ស៉ាងវិញទៀត តើមានអ្នកគាំទ្រប៉ុន្មាននាក់នឹងប្រាកដចេញមកហែរហមទណ្ឌិតនេះ? តើពួកគេអាចចូលតាមច្រកណា ច្រកអន្តរជាតិ ឬច្រករបៀងរាប់ពាន់នាក់បានដែរឬទេ? រឿងទាំងនេះវាប្រាកដទៅមិនរួច ហើយវាច្បាស់ខ្លាំងណាស់ថា គ្មានអ្នកណាទៅហែរហមទណ្ឌិតងាយៗដោយមិនខ្លាចជាប់គុកនោះទេ ព្រោះអ្នកណាៗក៏សុទ្ធសឹងបានដឹងថា សម រង្ស៊ី ជាទណ្ឌិតដែលតុលាការកំពុងតាមចាប់ខ្លួននោះ។ ហើយបើអ្នក ហ៊ានប្រព្រឹត្តអំពើខុសច្បាប់ ឬ ប្រឆាំងនឹងវិធានការច្បាប់នឹងត្រូវមានទោសគុកមិនខាន។ សូមកុំប្រថុយ ប្រយ័ត្នគុក។

រឿងបោកចាស់មិនទាន់បានដោះសា្រយផង ឥឡូវទណ្ឌិតនេះមកអំពាវនាវសុំលុយពីអ្នកគាំទ្រនៅក្នុងនិងក្រៅប្រទេស។ វាមិនគួរឱ្យជឿដែលគាត់មិនហ៊ានបញ្ជាក់ប្រាប់អំពីពេលវេលាដែលបុគ្គលរូបនេះនឹងវិលត្រឡប់មកវិញ ហើយបែរមកប្រកាសរៃអង្គាសលុយពីអ្នកគាំទ្ររបស់ខ្លួន អ្នកណាមិនបានមកហែរហមផ្តល់តែលុយក៏បាន ដូចជាមិនសូវសមហេតុផល មហាជនទូទៅមើលឃើញថា វាជារឿងបោកប្រាស់សុទ្ធសាធ ដែលមិនអាចជឿបាន។ ចម្ងល់របស់មហាជនទូទៅចោទសួរត្រង់ៗថា ចុះរឿងលុយទូរទស្សន៍ព្រះអាទិត្យមកដល់ពេលនេះទៅណាបាត់ហើយ? ជារួម ពន្លឺនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី ត្រូវបានមហាជនមើលឃើញថា វាគ្រាន់តែជាផ្គរលាន់ក្នុងរដូវប្រាំង និងជាយុទ្ធសាស្រ្តស្វាកំពុងរុញគូថឱ្យកូនចៅចូលក្នុងទ្រុងជំនួសខ្លួននេះ ព្រោះអតីតកាលគេឃើញទណ្ឌិតរូបនេះបានរត់ចោលកូនចៅ និងអ្នកគាំទ្ររបស់គាត់ ដោយទុកឱ្យពួកគេមួយបានជាប់គុក ដោយសារជឿលើការឃោសនា ញុះញង់ និងការបង្កើតឱ្យមានរលកនៃសេចក្តីសង្ឃឹមក្លែងក្លាយ ហើយទីបំផុតសាច់រឿងទាំងអស់បង្កើតឡើងដោយទណ្ឌិត សម រង្សី គឺបានប្រែក្លាយជារឿងបោកប្រាស់ដ៏គួរឱ្យឈឺចាប់ និងសោកស្តាយបំផុតសម្រាប់អ្នកដែលស្រឡាញ់នូវលទ្ធិប្រជាធិបតេយ្យបែបប្រជាភិថុតរបស់បុគ្គលរូបនេះ៕

ដោយ៖ ឡុង បូរិតា

LEAVE A REPLY

Please enter your comment!
Please enter your name here