ម្ចាស់ឃ្លាំងមួយនៅស្រុកស្វាយអន្ទរ មិនសុខចិត្តនឹងមន្ត្រីសូរិយោដីខេត្តព្រៃវែង

ខ្មែរញូញូ ៖ លោកស្រី ហ៊ែល អ៊ុន ជាពលរដ្ឋ និងជាម្ចាស់ឃ្លាំងផ្ទុកឥវ៉ាន់មួយកន្លែង នៅលើក្បាលដីលេខ ១៧៦១ ក្នុងភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារគេហទំព័រ សារព័ត៌មានខ្មែរញូញូ កាលពីម្សិលមិញថា លោកស្រី កើតទុក្ខមិនសុខចិត្តនឹងមន្ត្រីសូរិយោដីខេត្តព្រៃវែង ដែលបានមកចុះវាស់វែង និងបាញ់ថ្នាំសម្គាល់ព្រំដី នៅក្នុងឃ្លាំងរបស់គាត់ ដោយគ្មានផ្តល់ដំណឹង និងគ្មានការអនុញ្ញាត កាលពីថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ ម៉ោងប្រហែល ៣ ទៅ ៤រសៀល ។

លោកស្រី បានបន្តទៀតថា លោកស្រី មិនបានដឹងពីរឿងដែលមន្ត្រីសូរិយោដីខេត្ត និងមនុស្សមួយក្រុមទៀត ចូលវាស់វែង និងបាញ់ថ្នាំក្រហម ក្នុងឃ្លាំងរបស់គាត់បំណងអ្វីនោះឡើយ ប៉ុន្តែលោកស្រី គ្រាន់តែឆ្ងល់ថា ឃ្លាំងរបស់លោកស្រី បានសាងសង់អស់រយ:ពេលជាង ៥ឆ្នាំមកហើយ លើដីរបស់លោកស្រី និងដីមួយចំណែកដែលលោកស្រី ទិញពីលោក ហ៊ាង លីមស៊ន់ និងលោកស្រី ខា ស្រីតូច ប៉ុណ្ណោះ។ ចុះហេតុអ្វីបានជាមន្ត្រីសូរិយោដីខេត្ត ចូលក្នុងឃ្លាំងគាត់ ហើយវាស់វែង ព្រមទាំងបាញ់ថ្នាុំ ដោយគ្មានផ្តល់ដំណឹងអ្វីសោះ?

ជុំវិញករណីខាងលើនេះ ត្រូវបានសាធារណជនមួយចំនួន លើកឡើងថា ទង្វើរបស់មន្ត្រីសូរិយោដីខេត្តព្រៃវែង រូបនោះ និងមនុស្សមួយក្រុមទៀត ដែលចូលវាស់វែង និងបាញ់ថ្នាំក្រហមសំគាល់ព្រំដី ក្នុងឃ្លាំងពលរដ្ឋ ដែលជាកម្មសិទ្ធិឯកជន ដោយគ្មានការជូនដំណឹង ឬគ្មានការអនុញ្ញាត ជារឿងមិនត្រឹមត្រូវឡើយ។ គួរណាស់ ត្រូវផ្តល់ដំណឹងទៅម្ចាស់ឃ្លាំង ឬសហការជាមួយអាជ្ញាធរដែនដី ដើម្បីឱ្យអាជ្ញាធរដែនដី ជម្រាបទៅម្ចាស់កម្មសិទ្ធិករជាមុន។

ជុំវិញករណីទំនាស់ដីធ្លីខាងលើនេះ ខ្មែរញូញូ នឹងចេញផ្សាយព័ត៌មានលំអិតជាបន្តបន្ទាប់។

ខ្មែរញូញូ រង់ចាំទទួលការបំភ្លឺពីមន្ត្រីសូរិយោដីខេត្តព្រៃវែង ករណីមាន៕


អត្ថបទ ៖ អារុណ

LEAVE A REPLY

Please enter your comment!
Please enter your name here