ឧកញ៉ាដៃមឹក វ័ន្ត ប៊ុនថៃ សុំទោសស្ត្រីខារ៉ាអូខេ ដើម្បីបញ្ជាប់រឿង

(ខ្មែរញូញូ) ៖ យោងតាមឃ្លីបវីដេអូខ្លីមួយ បានបង្ហាញពីឧកញ៉ារូបនេះ និយាយជាមួយស្ត្រីរងគ្រោះ ដែលត្រូវខ្លួនវាយបោយសក់នៅក្នុងបន្ទប់ខារ៉ាអូខេ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ដោយសារខឹងគ្មានស្រីកំដរឲ្យខ្លួនប្រព្រឹត្តអំពើអាសអាភាស។

លោកឧកញ៉ា វ័ន្ត ប៊ុនថៃ បាននិយាយសុំទោសស្ត្រីរូបនេះថា «រាល់កំហុសខុសឆ្គង ដែលខ្ញុំបានធ្វើទៅលើ​​​ [នាង] ហើយធ្វើឲ្យខូចកិត្តិយស។ អ៊ីចឹងខ្ញុំសុំទោស ហើយឈប់ប្តឹងផ្តល់ពីពេលងហ្នឹងទៅ ហើយក៏បញ្ចប់រឿងដែរ មិនមានគុំកួនអីទេ»។

ចំណែកស្ត្រីរងគ្រោះដោយឧកញ៉ាឈ្មួញឈើធ្វើបាប បាននិយាយឆ្លើយតបវិញថា «ខ្ញុំសុំអរគុណលោកឧកញ៉ា ដែលដឹងកំហុស។ ខ្ញុំក៏ឈប់រករឿងអីដែរ ព្រោះគាត់ដឹងកំហុសរបស់គាត់ ហើយបានសុំទោសខ្ញុំដែរ។ ខ្ញុំសុំអរគុណលោកអភិបាលក្រុង​​​ លោកអភិបាលខេត្ត ដែលជួយខ្ញុំ។​​​ ខ្ញុំបញ្ចប់រឿងត្រឹមហ្នឹង ហើយថ្ងៃក្រោយសុំកុំឲ្យគាត់គុំកួននឹងខ្ញុំ»។

កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ឧកញ៉ាល្បីឈ្មោះខាងរកស៊ីឈើ ឈ្មោះ វ័ន្ត ប៊ុនថៃ ត្រូវបានលែងឲ្យមានសេរីភាពវាយស្រីជាបន្តទៀត កាលពីព្រលប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ ក្រោយពីមន្ត្រីនគរបាលបន្តសួរចម្លើយ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីស្ត្រីបម្រើការនៅក្នុងហាងខារ៉ាអូខេ យីហោ វីឡា ក្នុងខេត្តកំពង់ចាមម្នាក់ ត្រូវឧកញ៉ាល្បីឈ្មោះខាងរកស៊ីឈើខុសច្បាប់ មានទីលំនៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ឈ្មោះ វ័ន្ត ប៊ុនថៃ បានវាយក្បាលនាង និងបោចសក់នាង រហូតនាងយំផ្អើលទាំងយប់ ដោយសារតែឧកញ៉ារូបនេះខឹងគ្មានស្រីអង្គុយកំដរផឹកស៊ី ច្រៀងរាំឱបរឹត។

មន្ត្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយបញ្ជូនខ្លួនឧកញ៉ារូបនេះ មកស្នងការដ្ឋាននគរបាលខេត្ត មានមន្រ្តីកងរាជអាវុធហត្ថម្នាក់ និងមន្រ្តីនគរបាលម្នាក់ បានខ្វាត់ខ្វែងរត់ការជាមួយអ្នកសារព័ត៌មាន ដើម្បីបំបិទរឿង តែយ៉ាងណាបញ្ហាត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម នាំគ្នាបង្ហោះ និងចែកចាយបន្តព្រោងព្រាត់ យ៉ាងទូលំទូលាយ។

បើតាមស្ត្រីរងគ្រោះ ដែលត្រូវឧកញ៉ាល្បីឈ្មោះខាងរកស៊ីឈើខុសច្បាប់ ឈ្មោះ វ័ន្ត ប៊ុនថៃ វាយធ្វើបាប បានរៀបរាប់ថា មុនពេលកើតហេតុក្រុមឧកញ៉ា វ័ន្ត ប៊ុនថៃ បានចូលផឹកស៊ី និងច្រៀង រាំនៅខារ៉ាអូខេ ឈ្មោះវីឡា ប៉ុន្តែ ដោយសារឧកញ៉ារូបនេះ ធ្វើបានស្រីៗ ដោយចាប់បណ្តាច់ឡេវអាវពួកនាង ទើបពួកនាងៗរត់ចោលអស់ ក៏កើតកំហឹងមកខោកក្បាល និងចាប់បោចសក់ធ្វើបាបរូបគាត់តែម្តង។

ឧកញ៉ា វ័ន្ទ ប៊ុនថៃ បានទទួលងារជាឧកញ៉ាដោយសាររបររកស៊ីបំផ្លាញឈើ ដឹកជញ្ជូនឈើ និងលក់ឈើ ដោយខុសច្បាប់ ជាពិសេសសកម្មភាពខុសច្បាប់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ តែម្តង។

ជុំវិញបញ្ហានេះលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា លោកបានឲ្យសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនភ្លាមៗ ដើម្បីចាត់ការតាមផ្លូវច្បាប់។

មហាជននៅមិនទាន់ដឹងថា សមត្ថកិច្ចខាត់ខ្លួនឧកញ៉ារូបនេះ បានប៉ុន្មានថ្ងៃនោះទេ ព្រោះកន្លងមក ទោះបីដឹងថា ជាឈ្មួញរកស៊ីឈើខុសច្បាប់ ដែលបទល្មើសបំផ្លិចបំផ្លាញជាតិ ក៏មិនដែលឃើញជននេះមានទោសនេះ ចុះទម្រាំបើត្រឹមប្រើ អំពើហឹង្សាវាយស្រ្តីខារ៉ាអូខេម្នាក់ តើឧញ៉ាសំបូលុយរូបនេះមាន ទោសឬយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here