លិខិតមិត្តអ្នកអាន៖ អ្នកតាមដាននយោបាយតុកាហ្វេ សូមបង្រៀនលោក សម រង្ស៊ី ២ក្បាច់

ខ្មែរញូញូ ៖ ថាមិនចង់បង្រៀន អ្នកនយោបាយទេ ប៉ុន្តែ ពេលឃើញអ្នកនយោបាយខ្សោយពេកៗទៅដូច សម រង្ស៊ី ខ្ញុំទ្រាំបិទមាត់មិនបានពី ព្រោះអ្វីដែលគាត់កំពុងធ្វើវាមិនមែនប៉ះពាល់ត្រឹមតែ សម រង្ស៊ី ម្នាក់ឯងទេ តែវាប៉ះពាល់ដល់អ្នកដទៃច្រើនទៀតដោយសារ ទង្វើអាត្មានិយមនិងអញនិយមរបស់គាត់។ ដូច្នេះថ្ងៃនេះ ខ្ញុំចង់បង្រៀនស្នៀតខ្លះៗដល់អ្នកនយោបាយបញ្ញារាក់កំផែលរូបនេះក្រែងមាន ក្រឡាដើរនឹងគេពីព្រោះការធ្វើនយោបាយបែប សម រង្ស៊ី សព្វថ្ងៃនេះ ទោះប្រើពេល១០០ឆ្នាំទៀតក៏មិនបានផលល្អដែរ ទាំងសម្រាប់ខ្លួនគាត់ផ្ទាល់ ទាំងអ្នកនៅក្បែរគាត់ និងទាំងសម្រាប់ប្រទេសជាតិទាំងមូល។

ក្នុងនាមអ្នកតាមដាននយោបាយតុកាហ្វេដែលគ្មានសញ្ញាបត្រនយោបាយនឹងគេទេ តែមានបទពិសោធន៍គ្រប់គ្រាន់ដែលអាចមើលចរិតអ្នកនយោបាយធ្លុះ។ តាម រយៈបទពិសោធន៍នេះ ខ្ញុំសូមបង្រៀនលោក សម រង្ស៊ី អំពីតម្រាពិជ័យ សង្គ្រាមសាមកុក ២ក្បាច់ទៅចុះ។

ក្បាច់ទី១៖ ក្នុងតម្រាពិជ័យសង្គ្រាមនោះ គេនិយាយថា «ដឹងគេដឹងឯង ច្បាំង១០០ដងឈ្នះ១០០ដង»។ ប៉ុន្តែងាកទៅមើល លោក សម រង្ស៊ី វិញ គឺគាត់ដឹងតែពីខ្លួនគាត់តែប៉ុណ្ណោះ តែគាត់ មិនបានដឹងពីអ្នកដទៃនោះឡើយ។ កុំថាឡើយដល់ទៅគូបដិបក្ខរបស់គាត់ សូម្បីតែកូនចៅរបស់គាត់ក៏គាត់មិនបានដឹងពីពួកគេដែរ។ មានកូនចៅក្រោមបង្គាប់របស់ សម រង្ស៊ី ច្រើនណាស់ដែល មានបញ្ញាវាងវៃជាងគាត់ គិតបានរហ័សជាងគាត់ និងយល់កិច្ចការស៊ីជម្រៅជាងគាត់ ប៉ុន្តែ សម រង្ស៊ី មិនដែលយល់និងផ្តល់តម្លៃដល់ពួកគេឡើយ។ សម រង្ស៊ី ដឹងតែម្យ៉ាងគត់គឺ ត្រូវតែធ្វើតាមអញ អ្នកណាមិនធ្វើតាមអញគឺជាមនុស្សមិនស្មោះត្រង់ ក្បត់បក្ស និងលក់ក្បាល។ល។ នយោបាយបែបនេះហើយដែលធ្វើឲ្យសកម្មជន និងអ្នកគាំទ្រជាច្រើនរត់ចោលគាត់ ឬត្រូវគាត់ដាក់គំនាបឲ្យរត់ចោលគាត់ជាបន្តបន្ទាប់។

នេះគេហៅថា នយោបាយទឹកក្តៅ ដែលត្រីតែងរត់ចេញហើយ ដែលផ្ទុយពី នយោបាយ «ទឹកត្រជាក់ត្រីកុំ»។ នយោបាយទឹកក្តៅនេះ លទ្ធផលចុងក្រោយគឺភាពឯកា។ ស្ថានការណ៍ដែលកំពុងកើតមាននៅពេលនេះ គឺជាឧទាហរណ៍ជាក់ ស្តែងមួយទៀតនៃនយោបាយ ទឹកក្តៅរបស់ សម រង្ស៊ី។

ចាប់តាំងពីដំណាក់កាលនៃការបង្កើតចលនាសង្គ្រោះជាតិរហូតដល់ការធ្វើបក្សប្រហារដណ្តើមអំណាច ពីលោក កឹម សុខា និងចុងក្រោយបំផុតនេះ គឺការលាបពណ៌ឲ្យសកម្មជនរបស់ខ្លួនថា ក្បត់បក្ស និង លក់ក្បាល បើហ៊ានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ដំណាក់កាលទាំងបីដែលបានលើកឡើងខាងលើនេះបាន និងកំពុងកាត់បន្ថយអ្នកនៅជុំវិញខ្លួន គាត់ឲ្យមានចំនួនតិចទៅៗជាលំដាប់ ដែលទីបំផុតនឹងរុញច្រានគាត់ឲ្យស្ថិតក្នុងភាពឯកា អនាថា។ និយាយតាមបែបយុទ្ធសាស្ត្រ ពិជ័យសង្គ្រាម គឺបើដឹងតែខ្លួនឯង មិនដឹងពីគេបែបនេះគឺ «ច្បាំង១០០ ដង ចាញ់១០០ដង»។

ក្បាច់ទី២៖ នៅក្នុងតម្រា ពិជ័យសង្គ្រាមសាមកុក ដដែល គេនិយាយថា «មេដឹកនាំត្រូវតែចេះធ្វើនយោបាយដោយភាពឈ្លាសវៃនិងភាពទន់ភ្លន់គឺមិនមែនដោយភាព ស្មោះត្រង់ទាំងងងឹតងងុល និងតឹងត្អឹងនោះទេ»។ ត្រង់ចំណុចនេះ លោក សម រង្ស៊ី ក៏កំពុងតែដើរផ្ទុយស្រឡះពីក្រឹតក្រម នេះដែរ។ នៅក្នុងការធ្វើនយោបាយ លោក សម រង្ស៊ី មិនដែលប្រើភាពវាងវៃ និងភាពទន់ភ្លន់ឡើយ។ យើងមិនអាចបន្ទោសគាត់បានទេត្រង់ចំណុចនេះ ពីព្រោះឲ្យគាត់ប្រើយ៉ាងដូចម្តេចបើគាត់គ្មានភាពវាងវៃ និងគ្មានភាពទន់ភ្លន់នៅក្នុងខ្លួនទាល់តែសោះនោះ។ ដូច្នេះអ្វីដែលលោក សម រង្ស៊ី តែងតែប្រើគឺ ភាពតឹងត្អឹង និងចង់ឲ្យសកម្មជន អ្នកគាំទ្ររបស់ខ្លួនប្រើ ភាពស្មោះត្រង់ទាំងងងឹតងងុលដូចដែលគាត់ ចង់បាន។

ឧទាហរណ៍ជាក់ ស្តែងនិងងាយយល់បំផុតគឺ ក្រោយពេលដែលរដ្ឋាភិបាលគណបក្សកាន់អំណាចបានរៀបចំ ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីបើកច្រក ឲ្យអ្នកនយោបាយដែលជាប់បម្រាមរបស់តុលាការអាចទទួលបាន សិទ្ធិធ្វើនយោបាយឡើងវិញនោះ លោក សម រង្ស៊ី បែរជារារាំងមិនឲ្យទទួលយកសិទ្ធិនោះទៅវិញ? ដើម្បីបង្ខំឲ្យអ្នក នៅក្រោមបង្គាប់បង្ហាញ នូវភាពស្មោះត្រង់ដោយងងឹតងងុល លោក សម រង្ស៊ី បានប្រើវិធីគំរាម ដោយលាបពណ៌ដល់អ្នកដែលមានបំណងសុំសិទ្ធិធ្វើនយោបាយមកវិញនោះថា ជាជន ក្បត់បក្សនិងលក់ក្បាលឲ្យបក្សកាន់អំណាច ទៅវិញ។ តាមពិតទៅបើនៅក្នុងយុទ្ធសាស្ត្រកងទ័ពវិញ ក្នុងស្ថានភាពដែលកំពុងជាប់កុនដូចជាអតីតបក្សសង្គ្រោះជាតិបច្ចុប្បន្ន មេទ័ពត្រូវតែមានភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហា ពោលគឺត្រូវបែងចែកកងទ័ពថាតើក្រុមណាត្រូវចេញតាមច្រកណា? មានអ្នកខ្លះត្រូវចេញតាមច្រកស្តាំ អ្នកខ្លះតាមច្រកឆ្វេង អ្នកខ្លះទៀតនៅយាមបន្ទាយដើម្បីការពារសុវត្ថិភាព មេ។ ប៉ុន្តែ សម រង្ស៊ី បែរជាខំរារាំងឲ្យកូនទាហាននៅការពារគាត់ទាំងអស់ដោយត្រូវបង្ហាញនូវភាពស្មោះត្រង់ថា ត្រូវស្លាប់ជាមួយគាត់។

បញ្ហាសំខាន់បំផុតគឺ គាត់មិនទុកចិត្តកូនទាហានរបស់គាត់ ខ្លាចក្រែងពួកគេចេញទៅ បែរជាក្បត់នឹងគាត់ទៅវិញ? នេះឯងហើយជាឬសគល់នៃនយោបាយលាបពណ៌របស់ សម រង្ស៊ី។ ក្រៅពីតម្រាពិជ័យសង្គ្រាម ក៏មានឧទាហរណ៍ជាក់ស្តែងមួយដែលយើងគួរសិក្សាទៀតដែរ នោះគឺករណីក្មេង១២នាក់ និងគ្រូបង្វឹកម្នាក់ដែលជាប់ក្នុងរូងភ្នំក្នុងប្រទេសថៃ ដែលធ្វើឲ្យផ្អើលពិភពលោកកាលពីពេលថ្មីៗនេះ។

កាលណោះ ប្រសិនបើក្រុមអ្នកជួយសង្គ្រោះ ឬគ្រូបង្វឹក មានគំនិតដូច សម រង្ស៊ី ម្ល៉េះសមត្រូវស្លាប់ទាំងអស់គ្នានៅក្នុងរូងភ្នំបាត់ទៅហើយដើម្បីសម្តែង នូវភាពស្មោះត្រង់ស្លាប់រស់ជាមួយគ្នាដោយងងឹតងងុល។ ប៉ុន្តែ ដោយភាពឈ្លាសវៃរបស់ក្រុមអ្នកជួយសង្គ្រោះ និងគ្រូបង្វឹក គេបានសម្រេចចិត្តដ៏ត្រឹមត្រូវគឺបញ្ជូនចេញមួយក្រុមម្តងៗ ដែលមានគ្នាពីរឬបីនាក់ ហើយមេក្រុមសុខចិត្តនៅក្រោយគេឲ្យតែកូនក្រុមបានចេញមុន ពីព្រោះក្នុងស្ថានភាពបែបនេះគេមិនអាច បញ្ជូនចេញម្តងទាំងអស់គ្នាបាននោះទេ។ គឺវាមិនខុសអ្វីពីស្ថានភាពដែលលោក សម រង្ស៊ី និងក្រុមរបស់គាត់ជួបប្រទះនៅពេលនេះទេ។ ច្រកទ្វារមាន ហើយតែបែរជាមេក្រុមចង់ឲ្យកូនក្រុមទាំងអស់នៅថប់ដង្ហើមស្លាប់ ជាមួយគាត់ដោយមិនព្រមឲ្យមានអ្នកណាចេញមុនគាត់ ទេពីព្រោះតែខ្លាចចេញពីរូងហើយបែរជាក្បត់ជាមួយគាត់ទៅវិញ។ គំនិតអាត្មានិយមបែបនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ គឺទីបំផុតនឹងត្រូវស្លាប់ទាំងអស់គ្នា។

សម រង្ស៊ី ក៏បានទទួល មេរៀនពីនយោបាយតឹងត្អឹងរបស់គាត់គ្រប់គ្រាន់ហើយដែរ។ ជាក់ស្តែង នយោបាយ «មានស៊ី អត់សែន និងមានសែន អត់ស៊ី» បានផ្តល់ជូនគាត់វិញ និងក្រុមរបស់គាត់ នូវលទ្ធផលដ៏ជូរចត់ គឺគ្មានកន្លែងឈរជើងសម្រាប់ធ្វើនយោបាយនៅក្នុងស្រុកខ្មែររហូតដល់សព្វថ្ងៃ។ ទោះយ៉ាងណា គាត់នៅតែមិនភ្ញាក់ខ្លួន។

សរុបមកវិញ គេអាចមើលឃើញយ៉ាងច្បាស់ថា៖

ទី១៖ លោក សម រង្ស៊ី ជាមេដឹកនាំនយោបាយដែលយល់តែពីអារម្មណ៍ខ្លួនឯង និងមិនដែលស្វែងយល់ពីអ្នកដទៃទេ។ នេះគឺជាប្រភពនៃការបែកបាក់ និងបរាជ័យនិង ទី២៖ សម រង្ស៊ី ជាមេដឹកនាំនយោបាយដែលខ្វះភាពឈ្លាសវៃ និងភាពទន់ភ្លន់ដែលតែងនាំកូនចៅឲ្យជួបគ្រោះថ្នាក់ និងក៏ជាប្រភពនៃនយោបាយលាបពណ៌ ដ៏គ្រោះថ្នាក់។ហេតុដូច្នេះហើយបានជាគណបក្សរបស់គាត់តែងជួបការបែកបាក់ជានិច្ច។ បើនិយាយពីយុទ្ធសាស្ត្រទ័ពវិញ គំនិតរបស់លោក សម រង្ស៊ី គឺបើដឹងថាគាត់ត្រូវស្លាប់ហើយ គាត់នឹងអូសទាញកូនចៅទាំងអស់ឲ្យស្លាប់ជាមួយគាត់។ អ្នកណាមិនព្រមស្លាប់គឺក្បត់។ នេះហើយដែលគេហៅថា ជាការ បង្ហាញភាពស្មោះត្រង់ទាំងងងឹតងងុល និងដោយតឹងត្អឹងនោះ! ហើយយុទ្ធសាស្ត្រ ដ៏គ្រោះថ្នាក់នេះក៍កំពុងត្រូវបានអនុវត្តដោយលោក សម រង្ស៊ី។ ដូច្នេះបើកែបានក៏កែទៅក្រែងមានក្រឡាដើរទៅមុខនឹងគេ៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

LEAVE A REPLY

Please enter your comment!
Please enter your name here